ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយកម្មករនិយោជិត អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ​ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមពិធីសំណេះសំណាលជាមួយកម្មករនិយោជិត​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមធិបតីភាព ឯកឧត្តមប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ អ៊ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ  ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ ឯកឧត្តម​សមាជិកក្រុមប្រឹក្សាខេត្ត​ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត​ តំណាងកងកម្លាំងទាំងបី​ លោកអភិបាល​ អភិបាលរងក្រុងបាវិត​ តំណាងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត  លោកស្រី​ នាយក នាយិកាក្រុមហ៊ុន រោងចក្រ កាស៊ីណូ សណ្ឋាគារអាជ្ញាធរពាក់ព័ន្ធ​ ព្រមទាំងកម្មរ​ និយោជិក​ សរុបប្រមាណជាង២០០០នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​បានថ្លែងអំណរគុណចំពោះក្រសួងការងារ​ ព្រមទាំងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអស់លោក លោកស្រី ដែលជានាយក នាយិកាក្រុមហ៊ុន រោងចក្រ កាស៊ីណូ សណ្ឋាគារទាំងអស់ ដែលបានសហការ និងជួយឧបត្ថម្ភគាំទ្រ ជាពិសេសលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានបានផ្ដល់ទីតាំងសម្រាប់រៀបចំប្រារព្ធទិវានេះ ដែលអនុញ្ញាតឲ្យយើងបានជួបជុំគ្នាប្រកបដោយភាពឱឡារិកនៅថ្ងៃនេះ ។

ឯកឧត្តមបន្តថា​ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ មានការគោរពសិទ្ធិសេរីភាព និងមានទំនុក ចិត្តពីអ្នកវិនិយោគ ដែលជាមរតកសមិទ្ធផលបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។​ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា កសាងសម្រចបានទាំងនេះហើយ ជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌ ដែលនាំឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍដូចសព្វថ្ងៃ ។

ឯកឧត្តមបន្ថែមថា​ ក្រោមមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព ការរីកចម្រើននៅក្នុងវិស័យឧស្សាហកម្ម ការវិនិយោគបង្កើតរោងចក្រសហគ្រាស ដែលមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងមូលដ្ឋានខេត្តរបស់យើង គឺពិតជាមិនមែនកើត ឡើងដោយការចៃដន្យនោះទេ នេះក៏ព្រោះតែ យើងមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ល្អប្រសើររបស់រាជរដ្ឋាភិបាល ដែលបានជួយគាំទ្រ គាំពារ ការពារអ្នកវិនិយោគ និងសកម្មភាពវិនិយោគគ្រប់ប្រភេទ​។ ទន្ទឹមនោះ​ ការចូលរួមសហការយ៉ាងល្អប្រសើរ និងស្អិតរមួតរវាងកម្មករនិយោជិត​ និង​និយោជក ក្នុងការធានាឲ្យមាននូវសុខដុមនីយកម្មវិជ្ជាជីវៈនៅកន្លែងធ្វើការ ព្រមជាមួយនិងការគិតគូយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ សុខុមាលភាព និងអត្ថប្រយោជន៍ជូនដល់បងប្អូន កម្មករនិយោជិត និងនិយោជក ដែលកន្លងមកនេះ រាជរដ្ឋាភិបាល បានរៀបចំឲ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករ កម្មការិនី ដោយទទួលការពិនិត្យព្យាលជំងឺដោយមិនបង់ប្រាក់ពីមន្ទីរពេទ្យរដ្ឋ កម្មការិនីដែលមានផ្ទៃពោះសម្រាលកូន គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក   រយៈពេល ៣ខែ ដោយទទួលបានប្រាក់ឈ្នួល ១២០ ភាគរយ អាចចេញសម្រាកមុន ១៥នាទី សម្រាលកូនដោយទទួលបានប្រាក់ឧបត្ថម្ភជាដើម ការរៀបចំឲ្យមានប្រាក់សោធននិវត្តន៍ និងបានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាផងដែរ ។

ព័ត៌មានទាក់ទង